គោលការណ៍ទី២ដែលនាំឲ្យកាហ្វេ Starbucks ជោគជ័យ

កាលពីលេខមុន លោកអ្នកបានអាននិងជ្រាបរួចមកហើយអំពីគោលការណ៍ទី១ ក្នុងចំណោមគោលការណ៍ទាំង៥ ដែលនាំឲ្យកាហ្វេ Starbucks ជោគជ័យ។ នៅទំព័រនេះ លោកអ្នកនឹងអានអំពី គោលការណ៍ទី២ ក្នុងចំណោមគោលការណ៍ទាំង៥នោះ។

គោលការណ៍ទី២៖ ត្រូវយកចិត្តទុកដាក់គ្រប់ផ្នែកទាំងអស់  (Everything Matters)

ការយកចិត្តទុកដាក់លើគ្រប់ផ្នែកទាំងអស់នៅក្នុងហាង មិនថាផ្នែកដែលអតិថិជនមើលឃើញ ឬមើលមិនឃើញក៏ដោយ គឺជាគោលការណ៍សំខាន់ដែល Starbucks អនុវត្តរាល់ថ្ងៃ។ ពួកគេជឿថា ប្រសិនបើមានបញ្ហាតូចមួយកើតឡើង ដែលនាំឲ្យអតិថិជនមិនពេញចិត្ត នោះអតិថិជននឹងផ្សព្វផ្សាយបញ្ហាឬរឿងនោះទៅកាន់អ្នកដែលស្គាល់ ហើយជាលទ្ធផល Starbucks នឹងបាត់បង់អតិថិជនជាច្រើន។ កត្តានេះវាដូចទៅនឹងពាក្យស្លោកខ្មែរមួយលើកឡើងថា “ក្អែក១ជាក្អែក១០”។ មួយវិញទៀតនោះ មនុស្សភាគច្រើនចូលចិត្តនិយាយពីបទពិសោធន៍មិនល្អ ជាជាងបទពិសោធន៍ល្អ ទៅកាន់មនុស្សជុំវិញខ្លួន។

ឧទាហរណ៍ខ្លះៗដែល Starbucks យកចិត្តទុកដាក់លើគ្រប់ផ្នែកទាំងអស់មានដូចជា៖

  • បរិយាកាសក្នុងហាង ត្រូវតែបង្ហាញពីភាពរួសរាយរាក់ទាក់
  • គ្រប់អ្វីដែលមើលឃើញនៅក្នុងហាង គឺសុទ្ធតែជាចំណុចទាក់ទាញអារម្មណ៍ដូចជាក្តារឬបដាម៉េនុយ ការរៀបចំតុនិងកៅអី ការរៀបកន្លែងឆុងកាហ្វេ (counter)  ជាដើម
  • អ្វីដែលភ្ញៀវកាន់ ចាប់ពីក្រដាសជូតមាត់ រហូតដល់កែវ និងថង់ខ្ចប់
  • អ្វីៗដែលនៅពីក្រោយ Counter (ដែលភ្ញៀវមើលមិនឃើញ) ក៏ត្រូវតែស្អាតនិងមានរបៀបរៀបរយដែរ

ជាចុងក្រោយ Starbucks បានលើកឡើងថា គ្រប់ផ្នែកត្រូវតែយកចិត្តទុកដាក់ទាំងអស់ ដូចនេះមនុស្សគ្រប់គ្នានៅក្នុងហាង (ទាំងអតិថិជន និងបុគ្គលិក) ក៏ត្រូវតែបានទទួលការយកចិត្តទុកដាក់ដែរ។