ទម្លាប់នៃការអានរបស់មនុស្សដែលជោគជ័យ

តើមនុស្សជោគជ័យទាំងអស់មានទម្លាប់ដូចគ្នាអ្វីខ្លះ?

ចម្លើយគឺ ពួកគេអានច្រើន!!

មានគេសួរលោក វ៉ារ៉ិន ប៊ូហ្វេ (Warren Buffet) អំពីគន្លឹះមួយទៅកាន់ភាពជោគជ័យ លោកក៏ចង្អុលទៅកាន់សៀវភៅប្រហែលជាដប់ក្បាលគរលើគ្នាក្បែរនោះ ហើយលោកបាននិយាយថា “គឺអានសៀវភៅ ៥០០ទំព័ររាល់ថ្ងៃ ព្រោះចំណេះដឹងគឺមានសារសំខាន់ណាស់ក្នុងការកសាងគ្រឹះជីវិត ដែលវាដូចជាការប្រាក់សមាស (Compound Interest) អញ្ចឹងដែរ។ អ្នករាល់គ្នាអាចអានសៀវភៅបាន តែខ្ញុំធានាថា មិនមានមនុស្សច្រើនទេនឹងចាប់ទម្លាប់អានសៀវភៅនោះ”។

លោក Warren Buffet (ប្រភព Forbe)

គួរបញ្ជាក់ថា លោក វ៉ារ៉ិន ប៊ូហ្វេ (Warren Buffet) ប្រកាន់ទម្លាប់អានសៀវភៅជាធំ ព្រោះលោកអានសៀវភៅពី ៦០០ ទៅ ១០០០ ទំព័រក្នុងមួយថ្ងៃ នៅពេលដែលលោកចាប់ផ្តើមអាជីពជាអ្នកវិនិយោគ។ មិនតែប៉ុណ្ណោះ គាត់ចំណាយពេលប្រហែលជា ៨០%ក្នុងមួយថ្ងៃៗ សម្រាប់អានសៀវភៅនេះ។

មិនមែនមានតែលោក វ៉ារ៉ិន ប៊ូហ្វេ (Warren Buffet) តែម្នាក់ឯងនោះទេដែលប្រកាន់ទម្លាប់ក្នុងការអានសៀវភៅនេះ។ ចូរយើងក្រឡេកទៅមើលអ្នកដឹកនាំធុរកិច្ច និងសហគ្រិនល្បីៗដែលបានចាប់យកទម្លាប់នៃការអានសៀវភៅជាផ្នែកនៃជីវិតប្រចាំថ្ងៃ៖

  • លោក ប៊ីល ហ្គេត (Bill Gates) អានសៀវភៅប្រហែល ៥០ ក្បាលក្នុង១ ឆ្នាំ ដែលស្មើនឹង ១ ក្បាលក្នុង១សប្តាហ៍។
លោក Bill Gates (ប្រភព Microsoft)
  • ម៉ាកហ្សុកឃឺបឺក (Mark Zuckerberg) ប្តេជ្ញាក្នុងការអានសៀវភៅ ១ក្បាលឲ្យចប់ ក្នុង២សប្តាហ៍ ជាប់ពីឆ្នាំ ២០១៥
លោក Mark Zuckerberg (ប្រភព Business Insider)
  • ម៉ាក ឃ្យូប៊ែន (Mark Cuban) ចំណាយពេលអានសៀវភៅ ច្រើនជាង៣ម៉ោងក្នុង១ថ្ងៃ
លោក Mark Cuban, ម្ចាស់ National Basketball Association (NBA) (ប្រភព Forbe)
  • អ៊ីឡុន ម៉ាសក៍ (Elon Musk) បាននិយាយថា គាត់អានសៀវភៅច្រើននៅពេលគាត់រៀនធ្វើរ៉ុកកែត
លោក Elon Musk ម្ចាស់ Space X (ប្រភព Forbe)
  • អូប្រា វីនហ្វ្រេ (Oprah Winfrey) រើសសៀវភៅ១ក្បាលរាល់ខែ សម្រាប់សមាជិកក្នុងក្រុមអានសៀវភៅ យកមកអាននិងពិភាក្សា
អ្នកស្រី Oprah Winfrey ជនជាតិអាមេរិក សញ្ជាតិ អាហ្រ្វិក ដែលមានជាងគែនៅសតវត្សទី២០ (ប្រភព Forbe)

ការសិក្សាស្រាវជ្រាវ លើអ្នកមានស្តុកស្តម្ភ ១២០០ នាក់បានបង្ហាញថា ពួកគេបានចំណាយពេលច្រើនក្នុងការអានសៀវភៅ មុនពេលដែលពួគគេដើរមកដល់ចំណុចនេះ។ (ប្រភព Business Insider)

ទោះជាយ៉ាងណាក៏ដោយ មនុស្សជោគជ័យ មិនមែនអានប៉ាតណាប៉ាតណីនោះទេ។ ពួកគេជ្រើសរើសសៀវភៅសម្រាប់អានយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងគោលបំណងបង្កើនចំណេះដឹង ជាជាងការកម្សាន្តលើការអានប្រលោមលោក ទស្សនាវដ្តី ជាដើម  ព្រោះមនុស្សជោគជ័យ ទាំងនោះជឿថា សៀវភៅគឺជាមាគ៌ានៃចំណេះដឹង។